គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផ្ទួនៗគ្នាយ៉ាងគួរអោយរន្ធត់ ដែលបណ្ដាលអោយមនុស្ស ៦នាក់បាត់បង់ជីវិត និងមនុស្ស៨នាក់ទៀតរងរបួសធ្ងន់ ស្រាល ដែលបង្ករឡើងដោយ រថយន្ដកុងតឺន័រ និងរថយន្ដក្រុមហ៊ុនស្រាបៀរអង្គរបុកដោយកំរោល។ តាមប្រភពព័ត៌មានបានអោយដឹងថា រថយន្ដម៉ាកហ៊ីណូ ប្រភេទកុងតឺន័រ ដែលធ្វើដំណើរពីខេត្ដព្រះសីហនុឆ្ពោះ មករាជធានីភ្នំពេញបានបុកជាមួយ រថយន្ដម៉ាកតូយ៉ូតាធុនដ្រា ជារថយន្ដ ដឹកក្រុម សិល្បៈលោក ខេមរៈ សេរីមន្ដ។
អ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះ រី បុផារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មាន មុខរបរជាយោធាវរៈ៩១ ទ័ពអាកាស មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាន ស្លាប់ភ្លាមៗនៅក្នុងរថយន្ដ រួមជាមួយនឹង ៣នាក់ទៀត ក្រៅពីនេះមាន៤នាក់របួស ។ អ្នកស្លាប់ភ្លាមៗ៣ នាក់ទៀតមានឈ្មោះថា -សោម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាអ្នករាំកំដរឆាក រស់នៅសង្កាត់ ស្រះចក ខណ្ឌដូនពេញ, អ៊ាច វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅសង្កាត់ទួលទំពូង ខណ្ឌចំការមនជាកូនយាយណយ សំណាង និង ជី វីរៈ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិល្បៈ រស់នៅរាជធានី ភ្នំពេញ ជាកូនតារាកំប្លែង ជួង ជី ហៅ នាយកុយ។
ចំណែកអ្នករងរបួសមានឈ្មោះ -គួយ ផល្លី ភេទស្រី, គួយ ស្នេហ៍ ភេទស្រី, រី ភឿន ភេទស្រី និង តារាចម្រៀង ខេមរៈ សេរីមន្ដ។

0 comments:
Post a Comment