Monday, August 19, 2013



ភ្នំពេញ៖ កម្មវិធីប្រកួតតារាចម្រៀង យុវកុមា កូដូម៉ុ ឆ្នាំ២០១៣ ជាកម្មវិធីប្រកួតមួយ ដែលផ្តល់ឱកាស និងវេទិកាដល់ប្អូនៗ កុមារកម្ពុជា ដែលមានទេពកោលស្យ សមត្ថភាពទឹកដមសំនៀង មានចិត្តក្លាហាន ហ៊ានសម្តែង មានអាយុពី៥ឆ្នាំដល់១១ឆ្នាំ ចូលរួមប្រកួតប្រជែងរៀនសូត្រ បំពេញបន្ថែមលើផ្នែកប្រើប្រាស់ សំនៀងរបស់ខ្លួន ពីសំណាក់លោកគ្រូ អ្នកគ្រូដែលមានជំនាញផ្នែកចម្រៀង តារាចម្រៀង The Idol ដើម្បីហាត់ពត់សំឡេងរបស់ខ្លួន ជាគ្រឹះអាចក្លាយជាតារាចម្រៀង ដ៏មានប្រជាប្រិយភាព និងគុណភាពនាពេលអនាគត ។
កម្មវិធីប្រកួតតារាចម្រៀង យុវកុមា កូដូម៉ុ ឆ្នាំ២០១៣ បានទទួលការឧបត្ថម្ភធំ ពីផលិតផលសម្រាប់កុមារ Kodomo អ្នកជំនាញការលូតលាស់ របស់កុមារតែងតែផ្តល់នូវការយកចិត្ត ចំពោះប្អូនៗកុមារ ដល់ការរីកលូតលាស់ លើផ្នែកសតិបញ្ញា ទេពកោសល្យ សមត្ថភាពរបស់ប្អូនៗកុមារ លើមាគ៌ាសិល្បៈ ដោយចូលរួមបង្កើតឡើងនូវ កម្មវិធីប្រកួតជ្រើសរើស តារាចម្រៀងយុវកុមារ Kodomo, Kodomo Junior Singing Contest ចំនួន៤ឆ្នាំមកហើយ នេះជាឆ្នាំទី៥ ដែលបានផ្តល់នូវការឧបត្ថម្ភដ៏ធំធេងនេះ ។
ថ្លែងនៅក្នុងសន្នីសិទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៣ នៅសណ្ឋាគារ ណាហ្គាវើល លោក មែ វិចិត្របុត្រ តំណាងឲ្យលោក ប៊ុន កើដ អគ្គនាយកក្រុមហ៊ុន BKA Entertainment បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃក្រុមហ៊ុន LION CORPORATION (THAILAND) ជាក្រុមហ៊ុនផលិតចែកចាយ ផលិតផលសម្រាប់កុមារ Kodomo និងលោក ប៊ុនកើដ អ្នករៀបចំកម្មវិធីប្រកួត មានគោលដៅ និងការយល់ឃើញរួមគ្នា គឺដើម្បីក្លាយខ្លួន ជាតារាចម្រៀង ដ៏មានគុណភាពនាពេលអនាគត ប្អូនៗត្រូវតែឆ្លងកាត់នូវពេលវេលា និងការហាត់ពត់លត់ដំតាំងពីកុមារភាព។
សម្រាប់ឆ្នាំនេះឆ្នាំទី៥ នៃកម្មវិធីប្រកួត យើងបានបើកទូលាយបន្ថែម ដោយគណៈកម្មការ និងក្រុមការងារបានធ្វើដំណើរទៅកាន់ ខេត្តកំពង់ចាម ដើម្បីជ្រើសរើសប្អូនៗកុមារនេះជាមណ្ឌលទី១ ។ ចំណែករាជធានីភ្នំពេញជាមណ្ឌលទី២ ដើម្បីបើកឱកាសឲ្យប្អូនៗ កុមារ បានដាក់ពាក្យចុះឈ្មោះ ចូលរួមបង្ហាញសមត្ថភាពទឹកដមសំនៀងរបស់ខ្លួន ចំពោះមុខគណៈកម្មការ ដែលមានលោកគ្រូ ហួរ ឡាវី អ្នកជំនាញផ្នែកសំនៀង និងជាតារាចម្រៀងរៀមច្បង លោក ប៉េង រដ្ឋា អគ្គនាយក Ifriend Enterainment និងជាអ្នកដឹកនាំថត Producer និងលោក ហូរ ប៉ូសេង តារាបង្ហាញម៉ូត និងតារាសម្តែង ។
លោក មែ វិចិត្របុត្រ បានបន្តថា ឆ្លងផុតការសម្ភាសន៍ ជម្រុះចំនួន៣ដង រួចមកក្នុងចំណោមកុមារាកុមារី ជាង១០០នាក់ មានកុមារចំនួន១៥រូប ដែលនឹងក្លាយជាកុមារ Kodomo ចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីប្រកួតនាឆ្នាំ ទី៥នេះ ។ កម្មវិធីប្រកួតនឹងចាប់ផ្តើម ធ្វើការផ្សាយផ្ទាល់លើកទី១ របស់ខ្លួននៅថ្ងៃអង្គារ ទី២៧ ខែសីហា ខាងមុខនេះវេលាម៉ោង៤រសៀល ព្រមទាំងនៅរៀងរាល់ ថ្ងៃអង្គារនៅសប្តាហ៍ បន្តបន្ទាប់រហូតដល់កម្មវិធី ប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃអង្គារទី២៤ ខែកញ្ញា ក្រោមកិច្ចសហការ និងផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ CTN
សូមអញ្ជើញចូលរួមទស្សនា ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ប្អូនៗកុមារ ជាទីស្រឡាញ់របស់យើង ក៏ដូចជាជម្រុញប្អូនៗលើមាគ៌ាល្អៗ ជាទំពាំងស្នងឫស្សីដ៏មានគុណភាព ។ ពិន្ទុប្រចាំកម្មវិធី ប្រកួតអាស្រ័យទៅលើការបង្ហាញនូវសមត្ថភាព និងទេពកោសល្យ របស់ប្អូនកុមារ Kodomo ម្នាក់ៗប្រចាំសប្តាហ៍នីមួយៗ ប្រិយមិត្តក៏អាចចូលរួមដាក់ពិន្ទុប្អូន Kodomo ដែលអ្នកពេញចិត្តទទួលបានរង្វាន់ ប្រជាប្រិយភាព តាមវិធី២យ៉ាង នោះគឺទី១ បោះឆ្នោតឲ្យប្អូនៗតាមរយៈ Facebook/ Kodomo Club Cambodia ទី២ គឺតាមរយៈផ្ញើសារគាំទ្រ តាមរយៈប្រព័ន្ធទូរស័ព្ទ CellCard ដោយវាយស្លាកលេខរបស់ប្អូន Kodomo ណាមួយរួចផ្ញើសារទូរស័ព្ទ ។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានឧបត្ថម្ភធំ ពីផលិតផលសម្រាប់កុមារ Kodomo អ្នកជំនាញការលូតលាស់របស់កុមារ ចូលរួមឧបត្ថម្ភ ដោយទឹកបរិសុទ្ធ ANGKOR Puro ទឹកក្រអូបត្រាំសម្លៀកបំពាក់ Hi-Class សាប៊ូដុសខ្លួន Shokubustu ស្ករកៅស៊ូ KidKid សហការឧបត្ថម្ភ ពី I-Friend Entertainment មន្ទីរពេទ្យធ្មេញ ខេមរា Plus Max Group មជ្ឈមណ្ឌលតន្ត្រី Kodomo ដែលពោរពេញ ដោយគុណភាពសមត្ថភាព និងទេពកោសល្យ ៕​ ទាំងស្រុងពី៖ ដើមអម្ពិល

0 comments:

Post a Comment

Popular Posts