Monday, November 25, 2013



ក្រុងហ្សឺណែវៈ អាមេរិក​ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា វា​គឺជា​«កង្វល់​ដ៏ជ្រាលជ្រៅ​ និង​បាន​តាំង​ចិត្ត​ការពារ​ជប៉ុន​ បន្ទាប់ពី​ចិន​បាន​ប្រកាស​ពី​តំបន់​ហោះហើរ​មួយ ​នៅ​ សមុទ្រ​ចិន​ខាង​កើត ​ដែល​មាន​បញ្ចូល​ទាំង​ប្រជុំ​កោះ​មាន​ជម្លោះ​ផង​ដែរ។
នៅក្នុង​ទង្វើ​មួយ​ ដែល​ជប៉ុន​ ជា​សម្ព័ន្ធមិត្ត​អាមេរិក​បាន​ចាត់​ទុក​ថា​«​មាន​គ្រោះថ្នាក់​បំផុត»​នោះ ​ចិន​បាន​និយាយ​ថា ខ្លួន​កំពុង​បង្កើត​«​តំបន់​អត្តសញ្ញាណ​ការពារ​ ដែនអាកាស​» ​លើ​ប្រជុំ​កោះ​ដែល​គ្រប់គ្រង​ដោយ​ក្រុង​តូក្យូ​ដើម្បី​«ការពារ​ប្រឆាំង​ នឹង​ការ​គំរាមកំហែង​ផ្លូវអាកាស​ជា​សក្តានុពល​»
នៅក្នុង​សេចក្ដី ​ថ្លែងការណ៍​ស្រដៀង​គ្នា ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​លោក ចន ឃើរី ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ លោក​ឆាក់ ហាហ្គែល​ បាន​ថ្លែង​ថា ​អាមេរិក​មាន​«​កង្វល់​យ៉ាង​ខ្លាំង​»​អំពី​ទង្វើ​ចិន​ដែល​បាន​បញ្ជូន​ យន្តហោះ​ការពារ​អាកាស​ដើម្បី​ធ្វើ​បេសកកម្ម​ល្បាត​នៅ​តំបន់​ដែល​ខ្លួន​បាន​ ប្រកាស​ថ្មីៗ​នោះ​។
លោក​ឃើរី ​បាន​ថ្លែង​ថា៖ «​ទង្វើ​ឯកតោ​ភាគី​នេះ ​បង្កើត​ការ​ប៉ុនប៉ង​មួយ​ដើម្បី​ផ្លាស់ប្ដូរ​ស្ថានភាព​ដើម​នៅ​សមុទ្រ​ចិន​ខាង​កើត​»
ថ្លែង ​ពី​ក្រុង​ហ្សឺណែវ​ ដែល​លោក​ កំពុង​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ស្ដីពី​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ មួយ​ជាមួយ​អ៊ីរ៉ង់​លើ​កម្មវិធី​នុយក្លេអ៊ែរ​ អ្នក​ការទូត​កំពូល​អាមេរិក​រូប​នេះ​បាន​ថ្លែង​ថា៖ «ទង្វើ​កើនឡើង​នេះ​នឹង​គ្រាន់តែ​បង្កើន​ភាព​តានតឹង​នៅក្នុង​តំបន់​ និង​បង្កើត​ហានិភ័យ​នៃ​គ្រោះថ្នាក់​មួយ​ប៉ុណ្ណោះ»
លោក​ឃើរី ​បាន​ថ្លែង​ថា អាមេរិក​ បាន​ជំរុញ​ឲ្យ​ចិន​«​ប្រកាន់​ការ​ប្រុងប្រយ័ត្ន​និង​ការ​អត់ធ្មត់»​ និង​បាន​ព្រមាន​ក្រុង​ប៉េកាំង​ប្រឆាំង​នឹង​ការ បង្កើត​តំបន់​ថ្មី​របស់​ខ្លួន​នេះ។
លោក​ឃើរី ​បាន​ថ្លែង​ថា៖«​យើង​ស្នើ​ឲ្យ​ចិន ​កុំ​គំរាមកំហែង​ចាត់​វិធានការ​ប្រឆាំង​យន្តហោះ ​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​ខ្លួន​ឬ​ក៏​មិន​គោរព​បញ្ជា​ក្រុង​ប៉េកាំង»
លោក​ហាហ្គែល ​បាន​បញ្ជាក់​ជាថ្មី​ថា ប្រជុំ​កោះ​សេន​កាគូ​ដែល​គ្រប់គ្រង​ដោយ​ជប៉ុន​ ដែល​ចិន​ទាមទារ​ និង​ហៅ​ថា​កោះ​ឌាវយូ​ បាន​ស្ថិត​នៅ​ក្រោម​សន្ធិសញ្ញា​សន្តិសុខ​អាមេរិក​-ជប៉ុន​ ដែល​មាន​ន័យ​ថា ក្រុង​វ៉ាស៊ីនតោន​ នឹង​ការពារ​សម្ព័ន្ធមិត្ត​ខ្លួន ក្រុង​តូក្យូ​បើ​សិន​តំបន់​នោះ​ត្រូវ​គេ​វាយប្រហារ។
លោក​ហាហ្គែល ​បាន​ថ្លែង​ថា៖​« ​យើង​មាន​ការ​ពិគ្រោះ​យ៉ាង​ល្អិតល្អន់​ជាមួយ​ក្រុម​សម្ព័ន្ធមិត្ត​ និង​ដៃគូ​នៅ​ក្នុង​តំបន់ ​រួម​ទាំង​ជប៉ុន​ផង​ដែរ​។ យើង​នៅ​តែ​ប្រកាន់​ភ្ជាប់​នៅក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ក្រុម​ សម្ព័ន្ធមិត្ត​ និង​ក្រុម​ដៃគូ​យើង»
រដ្ឋមន្ត្រី​ការពារ​ជាតិ​រូប ​នេះ ​បាន​បញ្ជាក់​ថា ​អាមរិក​ដែល​មាន​ទាហាន​ជាង​៧០០០០​នាក់​ឈរ​ជើង​នៅ​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​នឹង​មិន​គោរព​តាម​ការ​ប្រកាស​ពី​ការ​គ្រប់គ្រង​លើ​ តំបន់​នោះ​របស់​ចិន​ទេ។
លោក​ហាហ្គែល ​បាន​ថ្លែង​ថា៖«​ការ​ប្រកាស​ របស់​ចិន ​ក្នុង​វិធី​ណា​ក៏ដោយ​នឹង​មិន​មាន​ផ្លាស់ប្ដូរ​របៀប ​ដែល​អាមេរិក​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​តំបន់​ឡើយ​»
ទាំងស្រុងពី ភ្នំពេញប៉ុស្ដិ

0 comments:

Post a Comment

Popular Posts