Sunday, April 7, 2013

ការទទួលទានអាហារក្នុងផ្ទះ

ជាការ​ទទួលទាន​អាហារ​ជាលក្ខណៈ​ក្រុម គ្រួសារ​ជាប្រចាំ មិនសូវ​ជាគិតគូរ​ពីរបៀបរៀបចំ​ខ្លួនក្នុង​ការ​ទទួលទាន​ប៉ុន្មានទេ។ ផ្ទុយ​ទៅវិញ​នៅ​​​ពេល​មាន​បងប្អូន ឬភ្ញៀវ​មក​ចូលរួម​ទទួល​ទាន​អាហារ​ជាមួយ លោកអ្នក​ចាំបាច់​ត្រូវយក​ចិត្ដទុក​ដាក់ដល់​សុជីវធម៌​នៃ ការ​ទទួលទាន​អាហារ។ លោកអ្នក​ចាំបាច់​ត្រូវអង្គុយ​ឱ្យត្រង់​ខ្លួន ហើយ​រក្សា​ឥរិយាបថ​ឱ្យបាន​ត្រឹមត្រូវ រៀបចំឱ្យ​បាន​គ្រប់គ្រាន់ និង​ឱ្យបាន​ត្រឹមត្រូវ​នូវ​សម្ភារៈ​មួយចំនួន ដូចជា​កែវទឹក កែវស្រា ឬ​ក៏កែវ​ភេសជ្ជៈ​អ្វីផ្សេង​ទៀត ត្រូវដាក់​នៅខាង​លើ សម ស្លាបព្រា និងចាន​នៅផ្នែក​ខាងស្ដាំ​ដៃ។ កាំបិត និង​កូនកន្សែង​ត្រូវដាក់​នៅផ្នែក​ខាងឆ្វេង​ដៃ តែបើ​តាមទម្លាប់​របស់ខ្មែរ​ការ​ទទួលទាន​អាហារ តែងតែ​ប្រើ​ជាមួយ​សម និង​ស្លាបព្រា។ លោកអ្នក​ត្រូវប្រើ​ជាមួយ​សម្ភារៈ​ទាំងនេះ​ដោយ​ប្រុងប្រយ័ត្ន ចៀសវាង​កុំធ្វើឱ្យ​ស្រក់​ប្រឡាក់ នៅលើ​តុអាហារ​ឱ្យសោះ។ ពេល​ទទួលទាន​ត្រូវ​ព្យាយាម​បរិភោគ​ឱ្យអស់​ពីចានបាយ ហើយ​កុំចាប់​ម្ហូប​ដាក់ចាន​ច្រើនពេក រហូត​ទទួលទាន​មិនអស់។

ការទទួលទានអាហារខាងក្រៅ

នេះជា​ប្រការ​សំខាន់​ណាស់​ចំពោះ​លោកអ្នក​ដែល​ត្រូវទៅ​ទទួលទាន​អាហារ​ នៅខាងក្រៅផ្ទះ ដូចជា​នៅតាម​ភោជនីយដ្ឋាន ឬ​តាម​សណ្ឋាគារ​នានា​ដែលត្រូវ​មាន​សុជីវធម៌​ឱ្យបាន​ត្រឹមត្រូវ។ លោកអ្នក​ដែល​ទៅទទួលទាន​នៅ​ខាងក្រៅ ត្រូវមាន​សុជីវធម៌​ដូចនៅក្នុង​គេហដ្ឋាន​របស់អ្នក​នៅពេល​ដែលមាន​ភ្ញៀវ ឬ​បងប្អូន។ បើ​លោកអ្នក​ដែល​ទៅទទួលទាន​នៅខាង​ក្រៅ អាហារ​ជាលក្ខណៈ ប៊ូសហ្វេ​វិញនោះ គប្បី​ចាប់ម្ហូប​ទទួលទាន​ឱ្យមាន​កំណត់​តាមដែល​អាច​ទទួលទាន​អស់។ លោកអ្នក​មិនត្រូវ​ចាប់​អាហារ​ច្រើនពេក​នោះទេ ចៀសវាង​ការ​ទទួលទាន​មិនអស់​ធ្វើឱ្យ​សល់ច្រើន​នៅក្នុង​ចាន អ្នកដទៃ​នឹងអាច​វាយតម្លៃ​ថាលោកអ្នក​ខ្ជះខ្ជាយ​ក្នុងការ ទទួលទាន​អាហារ។

ជាការ​ចាំបាច់​ណាស់​ដែល​លោកអ្នក​ត្រូវមាន​សុជីវធម៌ល្អ​ក្នុងការ​ទទួលទាន​ អាហារ។ មិនថា​នៅក្នុង​ផ្ទះ ឬ​នៅខាង​ក្រៅផ្ទះ ចាំបាច់​ត្រូវមាន​សេចក្ដី​ថ្លៃថ្នូរ​ក្នុងការ​ទទួលទាន​អាហារ។ នេះក៏ជា​ឥរិយាបថ​ដែល​បង្ហាញ​ពីចរិត​មារយាទ​ល្អ និង​សេចក្ដី​ថ្លៃថ្នូរ​ផងដែរ។

0 comments:

Post a Comment

Popular Posts