
អ្នកស្រី ពាន់ ភួងបុប្ផា បញ្ជាក់ថា មូលហេតុដែលនាំឲ្យអ្នកស្រីមិនអាចបម្រើការនៅស្ថានីយទូរទស្សន៍ជា ប្រចាំបាន ក៏ព្រោះតែបច្ចុប្បន្នអ្នកស្រីមានវ័យកាន់តែច្រើន សុខភាពមិនដូចមុននោះឡើយ។ម្យ៉ាងអ្នកស្រី ក៏ត្រូវការពេលវេលា ដើម្បីមកនិពន្ធរឿងនៅក្នុងផលិតកម្មផ្ការ៥ របស់អ្នកស្រី ឲ្យបានច្រើនផងដែរ។
ផលិតកររូបនេះបានឲ្យដឹងទៀតថា កាលាឈប់របស់អ្នកស្រីពីស្ថានីយទូរទស្សន៍CTN ក៏ជាចំណែកមួយនៃការនឿយហត់ផងដែរ។ ក្នុងនោះអ្នកស្រីបានលើកឡើងនៅចំណុចមួយថា កាលធ្វើការនៅស្ថានីយទូរទស្សន៍CTN អ្នកស្រីត្រូវធ្វើការងារក្នុងតួនាទីជាច្រើនក្នុងនោះមាន តួនាទីជាអ្នកនិពន្ធ ដឹកនាំ នឹងគ្រប់គ្រង។ ដោយនៅក្នុងនោះ មួយសប្ដាហ៍អ្នកស្រីត្រូវផលិតរឿងសម្រេច យ៉ាងតិចចំនួន ៧៥នាទី ។ អ្នកស្រីបានប្រាប់ថា ការងារបែបនេះបានធ្វើជាង១០ឆ្នាំមកហើយ អ្នកស្រីត្រូវការពេលវេលាខ្លះ ដើម្បីសម្រាក។
អ្នកស្រីពាន់ ភួងបុប្ផាបច្ចុប្បន្នកំពុងតែពង្រឹងផលិតកម្មផ្ការ៥ របស់អ្នកស្រីឡើងវិញ ដោយអ្នកស្រីគ្រោងផលិតរឿងថ្មីមួយបន្ថែមទៀត បន្ទាប់ពីរឿង “កុមារី២៥ឆ្នាំវគ្គ២” ទទួលបានជោគជ័យ។ រឿងថ្មីដែលនឹងក្លាយជាវណ្ណកម្មទី២៣ ក្នុងក្របខ័ណ្ឌរឿងខ្នាតធំនោះ អ្នកស្រីប្រាប់ថា មានឈ្មោះរឿង“លោកម្ចាស់គ្រញូង”។
អ្នកស្រីបានឲ្យបន្ថែមថា រឿង“លោកម្ចាស់គ្រញូង” នឹងត្រូវចំណាយពេលវេលា និងដើមទុកច្រើនជាងរឿង “កុមារី២៥ឆ្នាំវគ្គ២” ព្រោះ រឿងមួយនេះ តាមគម្រោង អ្នកស្រីចង់ធ្វើឲ្យមានលក្ខណៈទ្រង់ទ្រាយធំ ដែលអាចប្រកួតប្រជែង ជាមួយភាពយន្តក្នុងតំបន់អាស៊ានបានផង។
អ្នកស្រីបានបង្ហបថា រឿង“លោកម្ចាស់គ្រញូង” គឺមានសារអប់រំ ទាក់ទង់ទៅនឹង ការការពារព្រៃឈើ ដោយនៅក្នុងនោះ មានឈុតឆាកធំៗជាច្រើន មានកំប្លែង មនោសញ្ចេតនា និងអភិនីហារ ផងដែរ។
ជុំវិញ ដំណើរចូលទ្រនំថ្មី ផលិតករល្បីឈ្មោះរូបនេះ ត្រូវបានទស្សនិកជនសង្ស័យថា អាចនឹងចូលបម្រើការនៅស្ថានីយទូរទស្សន៍ហង្សមាសHDTV ព្រោះនៅទីនោះ មានចៅប្រុសរបស់អ្នកស្រី គឺតារាចម្រៀងភ្លេងរីខត លោកមុងមានិត ស្រាប់។
ទោះយ៉ាងណា អ្នកដឹកនាំរឿងល្បីឈ្មោះ និងជាសមាជិកគណៈកម្មការអាណាចក្រតារា២០១៣ រូបនេះ បញ្ជាក់ថា អ្វីៗនៅមិនទាន់ច្បាស់មួយរយភាគរយនៅឡើយទេ ព្រោះស្ថិតក្នុងការពិចារណានៅឡើយ៕ ដកស្រង់ចេញពី៖ sabay
0 comments:
Post a Comment