ភ្នំពេញ: បាតុកម្មនៅថ្ងៃនេះ
បានបង្ហាញថា
គណបក្សសង្គ្រោះជាតិអាចនឹងពិបាកនៅក្នុងការគ្រប់គ្រងបាតុករហើយវាក៏ប្រាប់ថា
អំពើហិង្សាងាយនឹងផ្ទុះឡើង គ្រប់ពេល។ ភាពផុយស្រួយទាំងនេះ
តម្រូវអោយមានដំណោះស្រាយនយោបាយជាបន្ទាប់
ហើយកិច្ចប្រជុំកំពូលនៅថ្ងៃនេះគឺជាឱកាសមាសសម្រាប់បញ្ចប់បាតុកម្ម។

ចំណែក គណបក្សប្រជាជនកម្ពុជាវិញ ការបដិសេធទាំងស្រុងការទាមទាររបស់គណបក្សសង្គ្រោះជាតិ នឹងមានន័យថា នឹងធ្វើអោយគណបក្សសង្គ្រោះជាតិមិនសប្បាយចិត្ត ហើយនៅតែមិនអស់ចិត្តចំពោះការទាមទារបស់ខ្លួន។ នៅក្នុងស្ថានភាពនេះ គណបក្សប្រជាជនកម្ពុជាក៏ត្រូវបន្ទន់ជំហរបន្តិចដើម្បីទទួយកសំណូមពររបស់គណបក្សសង្គ្រោះជាតិ នៅក្នុងកម្រិតណាមួយ ដែលអាចអោយលោក សម រង្ស៊ី និង លោក កឹម សុខា អាចពន្យល់ដល់អ្នកគាំទ្ររបស់គាត់បាន។ គាត់មិនអាចប្រាប់បាតុករអោយទៅស្រុកវិញ នៅពេលដែលការចរចាមិនបានទទួលផលអ្វីសោះឡើយ។ ពីព្រោះគាត់គ្មានអ្វីដែលនឹងអាចពន្យល់ពួកគេបាន។
បើដូច្នេះមែនតើអ្វីជាច្រកចេញសម្រាប់ការរីករាយទាំងសងខាងនៅក្នុងកិច្ចប្រជុំកំពូលនេះដើម្បីឆ្ពោះទៅរកការបើកប្រជុំសភា នៅ ថ្ងៃទី២៣ ខែកញ្ញា?
គណបក្សប្រជាជនកម្ពុជាប្រហែលជាចាំបាច់ត្រូវទទួលស្គាល់ថា ការបោះឆ្នោតពិតជាមានបញ្ហាខ្លះ ឬ ក៏ចំណុចខ្សោយខ្លះ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិក៏ចាំបាច់ត្រូវទទួលស្គាល់ថាវានឹងមិនអាទៅរួចទេ ដែលទាមទារបោះឆ្នោត ឡើងវិញ ឬ ស៊ើបអង្កេតការបោះឆ្នោត ដោយគណកម្មការចម្រុះនោះ ពីព្រោះលទ្ធផលត្រូវប្រកាសជាស្ថាពរទៅហើយ។ វាប្រៀបដូចជានៅក្នុងការប្រកួតកីឡាដូច្នេះ។
នៅពេលដែលអាជ្ញាកណ្តាលប្រកាសថាភាគីណាមួយឈ្នះហើយនោះ ការប្រកួតនោះបានត្រូវចប់ហើយលទ្ឋផលនោះត្រូវបានគោរព។ ប៉ុន្តែបើគណបក្សសង្គ្រោះជាតិបានមើលឃើញថាអាជ្ញាកណ្តាលមានបញ្ហានោះ រឿងត្រូវដោះស្រាយគឺអាជ្ញាកណ្តាល។ នោះគឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ដូច្នេះច្រកចេញគឺគណបក្សប្រជាជនត្រូវធ្វើសម្បទានមួយដោយទទួលយកការដោះស្រាយបញ្ហានៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នោះគឺការធ្វើកំណែទម្រង់គណកម្មាធិការនេះសម្រាប់ការបោះឆ្នោតលើកក្រោយទៀតអោយកាន់តែប្រសើ។ សម្បទាន ចំនួនពីរគឺទទួល ស្គាល់ថា មានចំណុចខ្សោយខ្លះ នៅក្នុងការបោះឆ្នោតនិងការយល់ព្រមទទួល ធ្វើកំណែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រហែលជាល្មមសម នឹងអាចធ្វើអោយ គណបក្សសង្គ្រោះជាតិ សប្បាយចិត្តហើយ។
មេដឹកនាំកំពូលនៃគណបក្សនយោបាយទាំងពីរ អាចចេញសេចក្តីថ្លែងការណ៍រួម ដោយប្រកាសជំហររួមដោយមានរៀបរាប់ខាងលើគឺ “គណបក្សនយោបាយទាំងពីរទទួលស្គាលថា មានចំណុចខ្វះខាតខ្លះនៅក្នុងការបោះឆ្នោត២០១៣ ដែលចំបាច់ត្រូវកែលម្អ ដើម្បីអោយការបោះឆ្នោត ក្រោយៗទៀតកាន់តែយុត្តិធម៌និងតម្លាភាព។ ចំណុចទីពីរគឺ មេដឹកនាំគណបក្សទាំងពីរនឹងយល់ព្រមសហការគ្នាដើម្បីធ្វើកំណែទម្រង់គណកម្មាធិការបោះឆ្នោតនៅពេលខាងមុខ”។
ជាមួយនឹងសេចក្តីថ្លែងការណ៍ដែលមានខ្លឹមសារដូចខាងលើ គណបក្សប្រជាជនៅតែអាចការពាលទ្ធផលនៃការបោះឆ្នោត បានហើយគណបក្សសង្គ្រោះជាតិ វិញក៏បានលទ្ធផលសម នឹងអាចពន្យល់ដល់អ្នកគាំទ្រថាពួកគេទាំងអស់បានទទួលយុត្តិធម៌។
ដោយទន់ភ្លន់ដាក់គ្នា និងដកថយក្រោយមួយជំហានម្នាក់បែបនេះ មេដឹកនាំគណបក្សនយោបាទាំងពីរនឹងអាច រកច្រកចេញបាន។ ប៉ុន្តែបើនៅតែមានៈរៀងៗខ្លួននោះ ពួកគេប្រហែលជានឹងមិនអាចបំបែកបញ្ហានេះបានឡើយ។ នោះគឺជាអ្វីដែល ប្រជាជនកម្ពុជា មិនចង់ឃើញឡើយ៕ ទាំងស្រុងពី៖ ខ្មែរស្ថាបនា
0 comments:
Post a Comment